សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ឧកញ៉ា ឌី ឌុ​ក សម្រុក​ទិញ​ឈើ​ដែល​ប្រជាពលរដ្ឋ​កាប់​ក្នុងព្រៃ​អភិរក្ស នៅ​ខេត្តព្រះវិហារ​

​ខេត្តព្រះវិហារ ៖ ទោះបី​មានការ​បកស្រាយ​របស់​លោក​ឧកញ៉ា ឌី ឌុ​ក ទាក់ទង​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​មួយចំនួន​ក្នុង​ខេត្តព្រះវិហារ ប៉ុន្តែ​មកដល់ពេលនេះ គេ​សង្កេតឃើញថា ក្រុមហ៊ុន សំ អឿន សុវណ្ណ

របស់​ឧកញ៉ា​រូបនេះ កំពុងតែ​សម្រុក​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ដែល​ចូល​កាប់​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ដែល​សកម្មភាព​នោះ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង ព្រៃឈើ​អភិរក្ស​របស់​រដ្ឋ ។​

​គួ​រម្លឹកថា លោក​ឧកញ៉ា ឌី ឌុ​ក បាន​បង្កើត​រឿង​ចម្លែក​មួយ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កងកម្លាំងប្រដាប់អាវុធ​មានការ​ភ្ញាក់ផ្អើល​ក្នុង​ទូទាំង​ខេត្តព្រះវិហារ ខណដែល​លោក​ឧកញ៉ា​រូប​នោះបាន​តម្លើង​ម៉ា​ស៊ី​អារឈើ​ខ្នាត​យក្ស​ក្នុងភូមិ​សាស្ត្រ ស្រុក​ឆែប ដើម្បី​កាប់​ព្រៃឈើ និង​កែឆ្នៃ​ព្រៃឈើ​នៅ​តំបន់​នោះ ។ ទន្ទឹម​នោះ​លោក​ឧកញ៉ា​ថែមទាំង​ប្រកាស​ជា​សាធារណៈ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​កាប់​ឈើ ហើយ​យកមក​លក់​ឲ្យ​ក្រុមហ៊ុន​របស់គាត់​ថែមទៀត ។​

​តាម​ព័ត៌មាន​ដែល​ភ្នាក់ងារយើងទទួលបាន ក្រុមហ៊ុន​របស់លោក​ឧក​ញ៉ា ឌី ឌុក ទទួលបាន​ច្បាប់​អនុ​ញា​ត្តិ​អភិវឌ្ឍន៍​តំបន់​ព្រៃ​សម្បទាន​សង្គមកិច្ច​ប្រមាណ​៣០០០​ហិកតា ក្នុង​តំបន់​ស្រុក​ឆែប និង​ស្រុក​ជាយ​សែន ក្រោម​លក្ខ​ខ័​ណ្ឌ​គោរព​គោលការណ៍ និង​ច្បាប់​របស់​រាជរដ្ឋាភិបាល ។ ប៉ុន្តែ​ក្រោយ​ទទួលបាន​ច្បាប់​អនុ​ញ្ញា​ត្តិ​ពី​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​លោក​ឧកញ៉ា​រូបនោះ មិនបាន​គោរព​តាម​គោលការណ៍​និង​ច្បាប់​របស់​រដ្ឋ​នោះទេ តែ​ក្រុមហ៊ុន​របស់គាត់​បាន​ព្យាយាម​ប្រើល្បិច​តាម​រូបភាព​កាប់​សំអាត​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​សម្បទាន​សង្គមកិច្ច​និង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ចូល​កាប់​ព្រៃ​នៅ​តំបន់​ផ្សេងៗ​ទៀត ហើយ​យកមក​លក់​ឲ្យ​ក្រុមហ៊ុន​របស់គាត់ ខណដែល​ម៉ាស៊ីន​អារឈើ​ខ្នាត​យក្ស​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​នៅ​មិន​ឆ្ងាយ​ពី​តំបន់​ព្រៃ​អភិរក្ស​នោះឡើយ ។ ម្យ៉ាងទៀត ដើម្បី​បំរើ​ម​ហិ​ច្ឆិ​តា​របស់ខ្លួន​នោះ លោក​ឧកញ៉ា​បានប្រកាស​ជា​សាធារណៈ​នៅ​សាលាខេត្ត​ព្រះវិហារ កាលពី​ថ្មីៗ​នេះ ដោយ​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ចូល​កាប់​ឈើ ហើយ​យកមក​លក់​ឲ្យ​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា​ថែមទៀត ។​

​គេ​មិនដឹងថា ការ​អនុ​ញ្ញា​តិ្ត​ច្បាប់​ឲ្យ​ក្រុមហ៊ុន​បន្ត​អភិវឌ្ឍន៍​តំបន់​ព្រៃ​សម្បទាន​សង្គមកិច្ច​រប​ស់លោក​ឧកញ៉ា​ខាងលើនេះ វា​ផ្ទុយទៅនឹង​អនុសាសន៍​ចុងក្រោយ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ដើម្បី​បង្ក្រាប​ការកាប់បំផ្លាញ​ព្រៃឈើ និង​បញ្ចប់​ការផ្តល់​តំបន់​ព្រៃ​សម្បទាន​ឬ​យ៉ាងណា​នោះទេ ។ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​មានការ​ភ្ញាក់ផ្អើល​នោះ​គឺ​លោក​ឧកញ៉ា​ម្នាក់​នោះ ហ៊ាន​ប្រកាស​ជា​សាធារណៈ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​កាប់​ឈើ ហើយ​យកមក​លក់​ឲ្យ​ក្រុមហ៊ុន​របស់ខ្លួន​ក្នុងពេលដែល​ក្រុមហ៊ុន​នោះបាន​តម្លើង​ម៉ាស៊ីន​អារឈើ​ខ្នាត យក្ស ដើម្បី​កែឆ្នៃ​ឈើ​ដែល​ករណីនេះ​មើលទៅ​ហាក់ដូចជា​បង្ហាញ​នូវ​ភាពមិនប្រក្រតី​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​ម្នាក់នេះ ។​

​ទាក់ទង​ព័ត៌មាន​ខាងលើនេះ លោក​ឧកញ៉ា ឌី ឌុក បាន​អះអាងថា ក្រុមហ៊ុន​លោក​មានច្បាប់​អនុ​ញ្ញា​ត្តិ​ត្រឹមត្រូវ​ក្នុង​ការកាប់​ព្រៃឈើ​ជា​អនុផល​នៅ​តំបន់​ព្រៃ​សម្បទាន​សង្គមកិច្ច ។ ប៉ុន្តែ​ត្រង់​ប្រជាពលរដ្ឋ​កាប់​នៅ​តំបន់​ណា ហើយ​យកមក​លក់​ឲ្យ​ក្រុមហ៊ុន​នោះ គាត់​មិនដឹង​ទេ ព្រោះ​គាត់​ចាំតែ​ទិញ​ប៉ុណ្ណោះ ។​

​យ៉ាងណាក៏ដោយ ការបកស្រាយ​បែប​នោះបាន​បង្ហាញ​ឲ្យ​ឃើញថា ក្រុមហ៊ុន សំ អឿន សុវណ្ណ បាននិងកំពុង​ធ្វើ​សកម្មភាព​ល្មើសច្បាប់ ព្រោះថា ក្រុមហ៊ុន​នេះ​មានច្បាប់​អនុ​ញ្ញា​ត្តិ​តែ​ប្រមូល​អនុផល​ព្រៃឈើ​ក្នុង​ដី​សម្បទាន​សង្គមកិច្ច​ប៉ុណ្ណោះ គ្មាន​សិទ្ធិ​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​នោះឡើយ ។ ចំណែក​ការ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​យក​ឈើ​មក​លក់​ឲ្យ​ក្រុមហ៊ុន​នោះ​ក៏​ជា​សកម្មភាព​ល្មើសច្បាប់​ដែល​រាជរដ្ឋាភិបាល ស្ថាប័ន​ពាក់ព័ន្ធ ត្រូវតែ​ចាត់វិធានការ​ជាបន្ទាន់​ផងដែរ ។ ប៉ុន្តែ​បើ​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​នេះ​បន្តសកម្មភាព​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ដូច្នេះ នោះ​តំបន់​ព្រៃ​អភិរក្ស​នៅ​ខេត្តព្រះវិហារ នឹងត្រូវ​វិនាស​ហិនហោច​ដោយសារ​ស្នាដៃ​ក្រុមហ៊ុន​លោក​ឧកញ៉ា ឌី ឌុក មិន​ខាន ។​

​យោងតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​យើងបាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់លោក​ឧក​ញ៉ា ឌី ឌុក នោះ​គឺ​ធ្វើ​អាជីវកម្ម​អារឈើ​កែឆ្នៃ​និង​កាត់​ជា​កំណាត់ ដើម្បី​លក់​ក្នុងស្រុក​និង​នាំ​ចេញទៅ​ក្រៅប្រទេស ។ ប៉ុន្តែ​ប្រហែលជា​ចង់បាន​ចំណេញ​ខ្លាំង​លើ​អាជីវកម្ម​របស់ខ្លួន ទើប​លោក​ឧកញ៉ា​រូបនោះ​ហ៊ាន​ប្រកាស​ជា​សាធារណៈ​ឲ្យ​ប្រជាពលរដ្ឋ​កាប់​ឈើ​យកមក​លក់​ឲ្យ​ខ្លួន​ដូច្នេះ ដោយ​ជ្រក​ក្រោម​ស្លាក​ច្បាប់​អភិវឌ្ឍន៍​តំបន់​ដី​សម្បទាន​សង្គមកិច្ច ៕​

wt-061182

 

Leave a Reply

Your email address will not be published. Required fields are marked *